ភ្នំពេញ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១៥ នឹងត្រលប់មកវិញ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ឆ្នាំទី១៥នេះ នាំមកនូវភាពយន្តប្រមាណ១៥០រឿង ពី៤០ប្រទេសជុំវិញពិភពលោក។ ក្នុងចំណោមនោះ មានភាពយន្តកម្ពុជាប្រមាណ៦០រឿង ដែលនឹងត្រូវចាក់បញ្ចាំង ចាប់ពីភាពយន្តប្រឌិត ភាពយន្តឯកសារ ភាពយន្តខ្លី រហូតដល់ភាពយន្តគំនូរជីវចល។ ក្នុងរយៈពេល៦ថ្ងៃ មហោស្រពនេះនឹងរៀបចំការចាក់បញ្ចាំងភាពយន្ត និងព្រឹត្តិការណ៍ជាង១៥០ ដោយបើកឱ្យសាធារណជនចូលរួមទស្សនាដោយឥតគិតថ្លៃ តាមគោលការណ៍មកមុនបានមុន។ ការចាក់បញ្ចាំងនឹងធ្វើឡើងនៅតាមទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ រួមមានរោងភាពយន្ត Legend Cinema Olympia, Legend Exchange Square, Fable Cinema, វិទ្យាស្ថានបារាំងនៅកម្ពុជា, មជ្ឈមណ្ឌលបុប្ផាណា, Rosewood Phnom Penh និង Sabay Cinema ក្នុងផ្សារទំនើបអ៊ីអនទី១។ ក្រៅពីនេះ ក៏មានការចាក់បញ្ចាំងភាពយន្តនៅទីវាលនៅតាមដងមាត់ទន្លេ និងកម្មវិធីពិសេសមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ មហោស្រពភាពយន្តឆ្នាំនេះ នឹងបើកជាផ្លូវការជាមួយកម្មវិធីកម្រាលព្រំក្រហមនៅរោងល្ខោនចតុមុខ នៅថ្ងៃទី២៤ ខែមីនា ខណៈពិធីបិទកម្មវិធីនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ […]