Cambodia International Film Festival

ភាពយន្ត១៥០រឿង ពី៤០ប្រទេស នឹងត្រូវចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥

ភ្នំពេញ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១៥ នឹងត្រលប់មកវិញ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ឆ្នាំទី១៥នេះ នាំមកនូវភាពយន្តប្រមាណ១៥០រឿង ពី៤០ប្រទេសជុំវិញពិភពលោក។ ក្នុងចំណោមនោះ មានភាពយន្តកម្ពុជាប្រមាណ៦០រឿង ដែលនឹងត្រូវចាក់បញ្ចាំង ចាប់ពីភាពយន្តប្រឌិត ភាពយន្តឯកសារ ភាពយន្តខ្លី រហូតដល់ភាពយន្តគំនូរជីវចល។

ក្នុងរយៈពេល៦ថ្ងៃ មហោស្រពនេះនឹងរៀបចំការចាក់បញ្ចាំងភាពយន្ត និងព្រឹត្តិការណ៍ជាង១៥០ ដោយបើកឱ្យសាធារណជនចូលរួមទស្សនាដោយឥតគិតថ្លៃ តាមគោលការណ៍មកមុនបានមុន។ ការចាក់បញ្ចាំងនឹងធ្វើឡើងនៅតាមទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ រួមមានរោងភាពយន្ត Legend Cinema Olympia, Legend Exchange Square, Fable Cinema, វិទ្យាស្ថានបារាំងនៅកម្ពុជា, មជ្ឈមណ្ឌលបុប្ផាណា, Rosewood Phnom Penh និង Sabay Cinema ក្នុងផ្សារទំនើបអ៊ីអនទី១។ ក្រៅពីនេះ ក៏មានការចាក់បញ្ចាំងភាពយន្តនៅទីវាលនៅតាមដងមាត់ទន្លេ និងកម្មវិធីពិសេសមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

មហោស្រពភាពយន្តឆ្នាំនេះ នឹងបើកជាផ្លូវការជាមួយកម្មវិធីកម្រាលព្រំក្រហមនៅរោងល្ខោនចតុមុខ នៅថ្ងៃទី២៤ ខែមីនា ខណៈពិធីបិទកម្មវិធីនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធនានា ដោយមានគោលបំណងលើកកម្ពស់វិស័យភាពយន្តកម្ពុជា និងភ្ជាប់ទំនាក់ទំនងវប្បធម៌ភាពយន្តរវាងកម្ពុជា និងពិភពលោក។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ ខែមីនា ប្រធានមហោស្រព CIFF លោក Cedric Eloy បានលើកឡើងថា CIFF មិនត្រឹមតែជាកម្មវិធីបញ្ចាំងភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដែលភ្ជាប់វប្បធម៌ និងមនុស្សពីជុំវិញពិភពលោក។

«មហោស្រព CIFF លើកទី១៥ បង្ហាញពីភាពធន់របស់កម្ពុជា និងជាវេទិកាដែលលើកស្ទួយសន្តិភាព ក៏ដូចជាការសន្ទនារវាងវប្បធម៌ និងប្រជាជនពីបណ្តាប្រទេសផ្សេងៗ»។ នេះជាប្រសាសន៍របស់ លោក Cedric មុនបន្ថែមថា CIFF ក៏មានបំណងជួយលើកកម្ពស់កម្ពុជា ឱ្យក្លាយជាទិសដៅសម្រាប់ការផលិតភាពយន្ត និងជាមជ្ឈមណ្ឌលច្នៃប្រឌិតសម្រាប់វិស័យភាពយន្តក្នុងតំបន់ផងដែរ។

ចំពោះ លោក ឯក ប៊ុនថា តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា មហោស្រពនេះ បានក្លាយជាវេទិកាសំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈភាពយន្តរវាងកម្ពុជា និងពិភពលោក។

លោក សង្កត់ធ្ងន់ដូច្នេះ៖ «មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានក្លាយជាវេទិកាសំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងសន្ទនាសិល្បៈ ដោយភ្ជាប់អ្នកផលិតភាពយន្ត និងទស្សនិកជនពីកម្ពុជា និងពីជុំវិញពិភពលោក»។

លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ការអភិវឌ្ឍវិស័យភាពយន្ត គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងសហការជាមួយដៃគូជាច្រើន ដើម្បីពង្រឹងប្រព័ន្ធវិស័យភាពយន្តកម្ពុជា តាមរយៈកម្មវិធីបណ្តុះបណ្តាល ការបង្កើតបណ្តាញវិជ្ជាជីវៈ ការអភិរក្សភាពយន្ត និងការសហការអន្តរជាតិ។

ក្នុងពេលតែមួយ រាជរដ្ឋាភិបាលក៏កំពុងផ្តោតលើការទាក់ទាញផលិតកម្មភាពយន្តអន្តរជាតិមកថតនៅកម្ពុជា ដោយសារប្រទេសមានទ្រព្យសម្បត្តិវប្បធម៌ និងធម្មជាតិដ៏សម្បូរបែប។

លោក ឯក ប៊ុនថា បញ្ជាក់ដូច្នេះ៖ «កម្ពុជាកំពុងពិចារណាយន្តការលើកទឹកចិត្តផ្សេងៗ ដើម្បីទាក់ទាញអ្នកផលិតភាពយន្តអន្តរជាតិឱ្យជ្រើសរើសកម្ពុជាជាទីតាំងថតភាពយន្ត» ។

ចំណុចលេចធ្លោមួយក្នុងកម្មវិធីឆ្នាំ២០២៦ គឺការរំឭកគុណដល់អ្នកដឹកនាំរឿងខ្មែរ អ្នកស្រី អួង កន់ធួក ដែលជាតួអង្គសំខាន់មួយក្នុងយុគសម័យមាសនៃភាពយន្តខ្មែរ។ ក្នុងកម្មវិធីនេះ នឹងមានការចាក់បញ្ចាំងភាពយន្តចំនួន៣រឿងរបស់អ្នកស្រី រួមមាន «ពេលដែលត្រូវយំ» (១៩៧២) «មួយម៉ឺនអាល័យ» (១៩៧០) និង «ថាវរីមាសបង» (១៩៦៨) ដើម្បីរំឭកដល់ស្នាដៃសិល្បៈ និងកេរដំណែលដែលអ្នកស្រីបានបន្សល់ទុកសម្រាប់វិស័យភាពយន្តកម្ពុជា។

ក្រៅពីនេះ មហោស្រពក៏មានកម្មវិធីពិសេសផ្សេងៗទៀត ដូចជា Mondes Francophones ដែលបង្ហាញភាពយន្តពីបណ្តាប្រទេសនិយាយភាសាបារាំង និងកម្មវិធី «Seeds of Peace: Lessons from the Past» ដែលប្រមូលផ្តុំភាពយន្តនិយាយអំពីជម្លោះ សង្គ្រាម ការចងចាំ និងដំណើរការសះស្បើយក្រោយវិបត្តិ។ កម្មវិធីទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់មហោស្រពក្នុងការបង្កើតវេទិកាសម្រាប់ការពិភាក្សាអំពីអតីតកាល និងការកសាងសន្តិភាពតាមរយៈសិល្បៈភាពយន្ត។

សម្រាប់ភាពយន្តកម្ពុជា កម្មវិធី «Cambodian Cinema in Focus» នឹងបង្ហាញស្នាដៃភាពយន្តប្រឌិត និងភាពយន្តខ្លីជាច្រើន ដែលផលិតដោយអ្នកដឹកនាំរឿងខ្មែរ ទាំងជំនាន់ថ្មី និងជំនាន់មានបទពិសោធន៍។ កម្មវិធីនេះមានគោលបំណងលើកស្ទួយសមត្ថភាពអ្នកផលិតភាពយន្តក្នុងស្រុក និងបង្ហាញសាច់រឿងកម្ពុជាទៅកាន់ទស្សនិកជនក្នុង និងក្រៅប្រទេស។

បន្ថែមពីនេះ ផ្នែកភាពយន្តឯកសារនៃមហោស្រព ក៏នឹងនាំមកនូវស្នាដៃជាច្រើនដែលពិភាក្សាអំពីអត្តសញ្ញាណ វប្បធម៌ បរិស្ថាន និងសង្គម។ ក្នុងចំណោមនោះ មានកម្មវិធីពិសេសមួយឈ្មោះ «Beautiful Planet» ដែលផ្តោតលើបញ្ហាបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងការពារធនធានធម្មជាតិ ជាមួយនឹងភាពយន្តនិងការពិភាក្សាជាមួយអ្នកជំនាញ។

គួរជម្រាបផងដែរថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ ហើយបានក្លាយជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តដ៏សំខាន់មួយនៅកម្ពុជា ដែលទាក់ទាញអ្នកចូលរួមជាង២០,០០០នាក់ជារៀងរាល់ឆ្នាំ។ តាមរយៈការចាក់បញ្ចាំងភាពយន្ត និងការផ្លាស់ប្តូរវប្បធម៌ មហោស្រពនេះបន្តដើរតួនាទីជាស្ពានភ្ជាប់រវាងភាពយន្តកម្ពុជា និងភាពយន្តពិភពលោក៕